រឿង ពស់​កេងកង​

    Author: Unknown Genre: »
    Rating


    កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង ។



    មាននិទានថា : កាលពីដើមឡើយមានមនុស្ស ២ នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះនាងអេត ។ ប្តីនោះទៅជួញអង្គាំបាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស ។ ឯនាងនីឮគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។
    នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យ ។
    ឯពស់កេងកងឆ្លើយឡើងថា “អើ? បើនាងឯងដោយអញ ធ្វើជាប្រពន្ធអញទើបអញឲ្យដឹង បើនាងមិនដោយអញ មិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ” ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា “អើ!លែងតែអ្នកឯងឲ្យដឹងមកខ្ញុំ ចាំល្ងាចខ្ញុំឲ្យមេអេតមកហៅ” ។ ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដឹងមក ។
    នាងនីផ្តាំ “ដល់ល្ងាចសឹមឲ្យមេអេតមកហៅ” ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនាងអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង ។ នាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថា “ពស់កេងកង! ៗ នាងនីឲ្យហៅ” ។ ឯពស់កេងកងឮហើយចេញមក ។
    នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា“ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្គាំពីរបីឆ្នាំមកម្តងៗ” ។
    ពស់កេងកងសួរថា “ប្តីនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់?” ។ នាងនីឆ្លើយថា“មិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេ” ពស់កេងកងនិងនាងនីក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។
    នាងនីផ្តាំថា “បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះ ខ្ញុំបើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក” ។ ពស់កេងកងក៏ទៅរូងវិញទៅ ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។ នាងអេតខ្លាចម្តាយក៏ទៅហៅតាមពាក្យម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង ។ មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសហាយនឹងពស់ ។ នាងអេតទៅដល់មាត់រូងហៅថា “ពស់កេងកង!ៗ នាងនីឲ្យហៅ” ។ ពស់កេងកងឮក៏លូតចេញមកហើយឆ្លើយថា “អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់” ។នាងអេតឆ្លើយថា “ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់” ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយពស់កេងកងទាល់តែផើម ។ ដល់យូរបន្តិចទៅ ប្តីនាងនីមកពីជួញអង្គាំវិញ ឃើញនាងនីពោះធំសង្ស័យក៏សួរនាងអេតជាកូន
    នាងអេតប្រាប់ឪពុកថា “ម៉ែគាត់សហាយជាមួយនឹងពស់កេងកង តែវេលាព្រលប់កាលណា ឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ” ។ ឪពុកឮនាងអេតប្រាប់ដូច្នោះ ក៏និយាយនឹងនាងអេតថា “ដល់ល្ងាចនេះឯងទៅហៅពស់កេងកងនោះមកទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងទៅកុំឲ្យម្តាយហងឯងដឹង” ។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា“ពស់កេងកង!ៗ នាងនីឲ្យហៅ” ។

    ពស់កេងកងឮហើយឆ្លើយថា “អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់” ។ នាងអេតឆ្លើយថា“ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់” ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញអង្គាំមែន ក៏ទៅសព្វថ្ងៃ ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ ខាងកន្ទុយយកទៅដាក់លើស្លាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្ទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្តាំនាងអេតថា “កុំឲ្យម្តាយហងឯងដឹងតែត្រូវទុក សាច់ស្លឲ្យម្តាយហងឯងស៊ី” ។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។ ឯនាងពុំបានដឹងជាប្តីកាប់ពស់ជាសហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី ។ នាងនីឃើញសម្លឆ្ងាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា “បានសាច់អ្វីស្លមេអេត!” ។
    នាងអេតប្រាប់ថា “សាច់ជ្រូក” នាងនីគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយ ។
    កាលនាងនីដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ីនោះ មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្ទ្រា វាចង់ស៊ីសាច់ពស់វាបូលថា“កឡូវៗ ក្លេមក្លមលបសាច់ប្តីឯង” ។ នាងនីកំពុងតែស៊ីបាយ ឮក្អែកបូលដូច្នោះក៏មើលទៅលើដើមពុទ្ទ្រា ឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងនីពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា ។
    ប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា “ហេតុដូចម្តេចបានជាស្រក់ទឹកភ្នែក?” ។
    នាងនីឆ្លើយថា “ស៊ីបាយក្តៅ សម្លក្តៅរឭកកូនចៅ រលោងទឹកភ្នែក” ។ ឯក្អែកនោះចេះតែបូល “កឡូវៗ ក្លេមក្លមលបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា្ទ កន្ទុយដាក់លើស្លាក” ។ នាងនីមើលទៅលើស្លាក ឃើញកន្ទុយពស់កេងកងនៅទីនោះ ។ ឯប្តីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដ ក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។ ដល់នាងនីផើម ចាស់ថ្ងៃជិតនឹងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹង ប្រាប់ប្រពន្ធថា “ទៅទៀតឲ្យឆ្ងាយពីស្រុកគេ យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង” ។ នាងនីមិនដឹងខ្លួនជាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។ លុះឃើញកំពង់មួយរាបស្អាតវាលល្អ ប្តីប្រាប់ប្រពន្ធថា“កំពង់នេះរាបសប្បាយយើងកក់សក់នៅនេះចុះ” ។ ឯនាងនីមិនដឹងថា ប្តីគិតសមា្លប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង ។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាលខ្លួនស្លាប់ទៅ ។ ពេលនោះ ឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនីមក ។ ប្តីនាងនីក៏កាត់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់ ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ ៕
    ឃ្លាតកាយ ណាយចិត្ត
    ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគទី១ លេខ៣

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា