រឿង ជាតិ​ជាខ្លាធំ

    Author: Unknown Genre: »
    Rating

    កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យសម្បត្តិនៅនគរមួយ មានអគ្គមហេសីជាចមស្ត្រី មានមន្ត្រីចតុស្តម្ភ ៤ នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ប៉ុន្តែព្រះមហាក្សត្រីយ៍ និងចតុស្តម្ភទាំង ៤ នាក់ ពុំបានរៀនវេទមន្តខាងការពីជ័យសង្គ្រាមដូចព្រះរាជាមុនៗមកឡើយ ព្រះអង្គទ្រង់តែងព្រួយបារម្ភ និងព្រះមហានគរជាអនេក ។ ដោយព្រះរាជានុភាពព្រះអង្គចេះតែទន់ទាបចុះ ទ្រង់ក៏រំពឹងថា “បើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្តើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្តាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយ” ។
    ថ្ងៃមួយវេលាម៉ោង ៨ ព្រឹក ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង ដោយមានព្រះអគ្គមហេសីគង់នេបអែបជិតព្រះអង្គ ហើយដោយមានហោរាចតុស្តម្ភទាំង ៤ នាក់ និងមន្ត្រីឯទៀតក្រាបបង្គំគាល់ជាធម្មតា ។ ពេលនោះទ្រង់ភ្នក់ព្រះទ័យទៅរៀនសិល្ប៍សាស្ត្រក្នុងសំណាក់ អាចារ្យទិសាបាមោក្ខ ឯនគរតក្កសិលា ។ ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី និងហោរានូវចតុស្តម្ភថា នឹងចេញទៅរៀន ។ ព្រះអគ្គមហេសីក៏សុំតាមទៅផង ។ ឯហោរា និងចតុស្តម្ភទាំង ៤ នាក់ក៏សុំតាមហែព្រះអង្គទៅដែរ ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាត ។ ជំនុំស្រេចហើយ មានថ្ងៃមួយព្រះអង្គទ្រង់នាំព្រះអគ្គមហេសី ហោរា និងចតុស្តម្ភទាំង៤ នាក់ចាកចេញព្រះនគរ ។ គំរប់ ៧ ថ្ងៃដល់ទៅនគរតក្កសិលា បានជួបនឹងអាចារ្យទិសាបាមោក្ខ ក៏សុំរៀនសិល្ប៍វេទ ។ អាចារ្យទឹសាបាមោក្ខទទួលភារៈបង្រៀនព្រះអង្គ ។ ព្រះអគ្គមហេសី និងហោរាព្រមទាំងចតុស្តម្ភ បានរៀនចេះចប់សព្វគ្រប់ទោះបី នឹងក្លែងខ្លួនជាសត្វតិរច្ឆាន ឬជាយក្សកន្ធព្វសុបណ្ណាកា ក៏បានដោយងាយ ។ រៀនចេះចប់ស្រេច ស្តេចសុំលាលោកតាអាចារ្យវិលត្រឡប់មកព្រះនគរវិញ អាចារ្យក៏អនុញ្ញាត ។ ព្រះរាជា និងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរមកវិញព្រមដោយហោរា នូវចតុស្តម្ភទាំង ៤ នាក់ ។ ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន ៣ ថ្ងៃ ហេតុដែលជាផលកម្មនាំឲ្យវង្វេងផ្លូវ ទ្រង់យាងកាត់ព្រៃអស់ស្បៀងអាហារ សោយតែមើមឈើ និងផ្លែឈើ ។ ព្រះរាជាទ្រង់ស្តាយព្រះជន្ម ទ្រង់ក៏ជំនុំគិតជាមួយហោរា ចតុស្តម្ភទាំងបួននាក់ ព្រមទាំងព្រះអគ្គមហេសីថា “ឥឡូវនេះយើងជិតដល់នូវការអស់អាយុសង្ខាគ្រប់គ្នាហើយ ព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្តេច?” ។ ហោរាទូលព្រះអង្គថា “ទូលព្រះបង្គំជាខ្ញុំយល់ឃើញថា មន្តវិជ្ជាដែលយើងបានរៀនមកសឹងចេះសព្វគ្រប់ដូចគ្នា ហេតុនោះបើនឹងប្រែក្រឡាខ្លួនជាសត្វខ្លាធំ ហើយយើងចាប់សត្វឯទៀតធ្វើជាអាហារទំរាំតែទៅដល់ព្រះនគរសឹមក្រឡាខ្លួនជាមនុស្សវិញក៏បាន” ។
    ព្រះរាជា ព្រះអគ្គមហេសី នូវចតុស្តម្ភតាមហោរា ។ ទ្រង់ក៏មានព្រះបន្ទូលថា “ឥឡូវរូបខ្លាទាំងមូលនេះតើនរណានឹងត្រូវក្រឡាខ្លួនធ្វើជាអ្វី?” ។ ចតុស្តម្ភសុំធ្វើជើងខ្លាទាំងបួន ។ ហោរាសុំធ្វើកន្ទុយ ។ ព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លា ។ រូបខ្លាទាំងមូលនេះ ឃើញនៅសល់តែក្បាល គឺតួព្រះមហាក្សត្រីយ៍ ។ ជំនុំស្រេចក៏សូត្រមន្តវិជ្ជាក្រឡាខ្លួន កើតជាព្យគ្ឈេរាជ (ស្តេចខ្លា) បានដូចសេចក្តីប្រាថ្នា ស្ទុះបោលដេញចាប់សត្វប្រើសក្តាន់ជាអាហារ ។ លុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិ និងព្រះមហានគរពុំស្តាយសោះ ។
    ហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វឯទៀត ហើយសត្វខ្លានេះកាលណាចាប់សត្វជាអាហារ គឺដឹងពីកន្ទុយមុន ព្រោះជាហោរា ។ ដងខ្លួនដែលទន់ភ្លន់ គឺព្រះមហេសីជាស្ត្រីភាព ។ ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ គឺតួអង្គព្រះមហាក្សត្រីយ៍ ដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ ។ ឯជើងទាំងបួន ដែលមានកម្លាំងខ្លាំង ហើយមានក្រចកមុតគឺ ចតុស្តម្ភទាំងបួន ៕
    ប្រហែសបាត់ ប្រយ័ត្នគង់
    ដកស្រង់ចេញពីសៀភៅប្រជុំព្រេងខ្មែរភាគ១លេខ១៤

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា