ខ្ញុំដូចជាខំប្រឹងរៀនដែរ តែហេតុអ្វីមិនពូកែដូចគេ ?
តើខ្ញុំគួរធ្វើយ៉ាងណា ? និស្សិតខ្លះ
គិតថាខ្លួនល្ងង់មិនពូកែដូចគេ
បាក់ទឹកចិត្តយ៉ាងខ្លាំងដល់ថ្នាក់បោះបង់ចោលការសិក្សាក៏មាន។
ធម្មជាតិ បានផ្ដល់ឲ្យបុគ្គលម្នាក់ៗ នូវសមត្ថភាពប៉ុនគ្នា
តែខុសគ្នាត្រង់ថា អ្នកដែលឆ្លាតគឺគេស្វែងរកឱកាស
តែអ្នកដែលមិនឆ្លាតអង្គុយរងចាំឱកាសទៅវិញ។ ចង់រៀនពូកែ
ការព្យាយាមជារឿងសំខាន់
តែយុវវ័យក៏គួរតែយកចិត្តទុកដាក់នូវកត្តាផ្សេងៗជាច្រើនទៀតផង
ដែរ។ ដូច្នេះដើម្បីឲ្យកាន់តែច្បាស់
សូមពិចារណាលើកការចូលរួមមតិរបស់បុគ្គលជោគជ័យមួយក្រុម
ជុំវិញបញ្ហាថាតើធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាសិស្សពូកែដូចខាង
ក្រោម៖
លោក ហ៊ាង ប៉ុនថា ជានិស្សិតឆ្នើមម្នាក់នៃវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា (CICI)បានចូលរួមយោបល់តាមរយៈSabayថា “..មានកត្តាជាច្រើនដែលជួយឲ្យយើងរៀនពូកែ ។ ក្នុងនាមយើងជាសិស្សយើងត្រូវតែរៀបចំទម្លាប់នៃការរៀនឲ្យបានល្អ និងចេះរៀបចំកាលវិភាគសម្រាប់ខ្លួនឯង ទាំងនៅសាលានិងនៅផ្ទះ។ហើយម្យ៉ាងវិញទៀត យើងត្រូវរៀនដោយខ្លួនឯង មុនគ្រូបង្រៀននៅក្នុងថ្នាក់ មានន័យថាមេរៀនដែលយើងរៀននៅសាលា ជាមេរៀនចាស់ដែលយើងបានរៀនពីមុនមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ ត្រូវហ៊ានសួររាល់សំនួរដែលមាន និងធ្វើរាល់កិច្ចការ ដែលគ្រូបានដាក់ឲ្យដោយមិនត្រូវគេចវេះនោះទេ…”។លោកបានបន្ថែមទៀត ថា បើកាន់តែល្អ និស្សិតគួរតែបង្កើតក្លឹបសិក្សាជាក្រុម ដើម្បីចែករំលែកនូវចំណេះដឹងថ្មីៗជាមួយនឹងមិត្តភ័ក្ដិ។ជាពិសេសដោយ សារតែមនុស្សមានភាពភ្លេចភ្លាំងច្រើន ដូច្នេះនិស្សិតគួរតែរំលឹកមេរៀនម្ដងហើយ ម្ដងទៀត។មួយវិញទៀត ត្រូវធ្វើខ្លួនជាសិស្សដែលពោរពេញដោយសីលធម៌ និងគោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានខ្ជាប់ខ្ជួន។
ជុំវិញ បញ្ហាខាងលើនេះ ម៉ៅ ងាន់អេង ជានិស្សិតដែលទទួលបានភាពជោគជ័យក្នុងការសិក្សា ក៏ស្ម័គ្រចិត្តបង្ហាញនូវបទពិសោធន៍ផ្ទាល់ខ្លួនដែលថា “ពាក្យថារៀនមួយម៉ាត់ មិនមែនចង់សំដៅតែការរៀននៅឯសាលានោះទេ បានន័យថាអ្វីដែលនៅជុំវិញខ្លួនយើង គឺសុទ្ធតែជាគ្រូរបស់យើង។ហើយលើសពីនេះទៅទៀតដើម្បីទទួលបាន ជោគជ័យ យើងត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់៥យ៉ាង។ទីមួយ ត្រូវកំណត់នូវចំណង់ខ្លួនឯង ថាតើយើងចង់ក្លាយទៅជាអ្វី? នៅពេលដែលដឹងថាខ្លួនចង់ក្លាយជាអ្វីហើយ យើងនឹងដឹងថាត្រូវរៀនអ្វី បន្ទាប់មកត្រូវផែនការច្បាស់លាស់សម្រាប់ការសិក្សារបស់យើង។ បន្ទាប់ពីដឹងថាត្រូវរៀនអ្វីហើយ យើងត្រូវកំណត់នូវវិន័យផ្ទាល់ខ្លួន មានគោលជំហរច្បាស់លាស់សិក្សាទៅតាមកាលវិភាគដែលបានកំណត់។ចំណុច សំខាន់មួយទៀត គឺផ្ដោតទៅលើ ការសេពគប់។ សេពគប់ជាមួយមិត្តមិនល្អ នឹងអូសទាញយើងទៅរកផ្លូវខុស តែបើសេពគប់ជាមិត្តល្អ ពួកគេតែងតែបបួលគ្នារៀន ដូចជាបង្កើតក្លឹបសិក្សា ទៅបណ្ណាល័យ ឬឆែកអ៊ីនធឺណិតជាដើម។ហើយមួយទៀតជាកត្តាសំខាន់ផងដែរ គឺកត្តាស្នេហា។យើងត្រូវចាំថា បើរៀនកុំមានស្នេហា តែបើមានស្នេហាកុំរៀន..”។ និស្សិតរូបនេះបានបន្តថា “..កត្តាដ៏សំខាន់ចុងក្រោមគឺ ការលើកទឹកចិត្តខ្លួនឯង។ អ្នកខ្លះមិនបានផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង តែងតែនិយាយថា ខ្ញុំមិនមានដុង ខ្ញុំមិនមានជំនាញពីកំណើត ដូច្នេះទើបខ្ញុំរៀនមិនពូកែដូចគេ។យើងមិនត្រូវគិតបែបនោះទេ យើងត្រូវផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង អ្វីដែលអ្នកដទៃអាចធ្វើបាន យើងក៏អាចធ្វើបានដែរ..”។
ចំណែក ឯកញ្ញា សុវត្ថិ ម៉ូលីកា វិញយល់ឃើញថា ដើម្បីឲ្យរៀនពូកែ និស្សិតត្រូវសួរខ្លួនឯងសិន ថាមុខវិជ្ជាអ្វីដែលខ្លួនរៀនខ្សោយ។ហើយបើដឹងនូវមុខវិជ្ជាដែលរៀន ខ្សោយហើយ និស្សិតត្រូវប្រឹងសិក្សាបន្ថែមនូវមុខវិជ្ជានោះ ដោយការរំលឹក និងការសិក្សាជាក្រុម ព្រោះការសិក្សាជាក្រុម មានប្រយោជន៍ណាស់ អាចជួយអោយនិស្សិតបំពេញនូវចំណុចខ្វះខាតគ្នាទៅវិញទៅមក។ម្យ៉ាង ទៀតត្រូវចេះរៀបចំកាលវិភាគ ថាតើ ថ្ងៃណាត្រូវរៀនមុខវិជ្ជាណា ហើយតើមេរៀនណាដែលយើងត្រូវរំលឹកមុនពេលទៅសាលា។ហើយចំពោះសកម្មភាព នៅក្នុងថ្នាក់ ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ និងចេះបង្កើតសំណួរសួរគ្រូ ដើម្បីជៀសវាងនូវការងងុយគេង។មួយវិញទៀត កញ្ញាបានបន្តថា”.. ត្រូវឆ្លៀតពេលធ្វើកិច្ចការដែលគ្រូបានដាក់ឲ្យ មិនត្រូវយកពេលវេលាទៅដើរលេងឬធ្វើកិច្ចការឥតប្រយោជន៍នោះទេ។ ទន្ទឹមនឹងការខិតខំសិក្សា យើងក៏គួរតែចំណាយពេលខ្លះ សម្រាកលំហែខួរក្បាល និងញ៉ាំអាហារដែលមានប្រយោជន៍សម្រាប់សុខភាព..”។
ចំពោះ បញ្ហាខាងលើនេះ ក៏មានការចូលរួមផ្ដល់អនុសាសន៍ពី បណ្ឌិត ទុំ វាសនា ប្រធានការិយាល័យសិក្សានិងរដ្ឋបាលនៃវិទ្យាស្ថានសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា(CICI)ផងដែរ។លោកបណ្ឌិតបានផ្ដល់អនុសាសន៍ដល់និស្សិតគ្រប់ រូបថា “ការសិក្សាមានលក្ខណៈ ផ្សេងៗគ្នា តែអ្វីដែលសំខាន់នោះគឺយើងត្រូវរៀបចំកាលវិភាគឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងនូវភាពច្របូកច្របល់ មិនដឹងថាពេលណាត្រូវរៀននូវមុខវិជ្ជាអ្វី ដូច្នេះត្រូវបែងចែកឲ្យបានច្បាស់រវាងពេលសម្រាកនិងពេលសិក្សា..”។ ទាក់ទងនឹងសកម្មភាពក្នុងថ្នាក់រៀន ត្រូវតែយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់និងចេះកត់ត្រារាល់ចំណុច សំខាន់ៗ ដែលគ្រូឬចិត្តរួមថ្នាក់បានបកស្រាយ។ទន្ទឹមគ្នានោះដែរ និស្សិតទាំងអស់ត្រូវហ៊ានសួរ មិនត្រូវខ្លាចឬខ្មាសអៀននោះទេ ត្រូវជម្រះរាល់មន្ទិលដែលមាននៅក្នុងខ្លួន..”។
លោកបានបន្ថែមទៀតថា ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យនោះ យើងមិនត្រឹមតែសិក្សានៅឯសាលានោះទេ តែថែមទាំងស្វ័យសិក្សាទៀតផង។ ត្រូវរកកន្លែងរៀនដែលមានផាសុកភាព គ្មានធូលី គ្មានមូស និងសំឡេងរំខានជាដើម។ ជាពិសេស បើរៀននៅឯសាលា៣ម៉ោង យ៉ាងហោចណាស់ត្រូវចំណាយពេល៦ម៉ោងធ្វើការស្រាវជ្រាវដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងការឆែកអ៊ីនធឺណិតជាដើម។ ហើយចំណុចសំខាន់មួយទៀត លោកបានសង្កត់ធ្ងន់ថា “..និស្សិតមហាវិទ្យាល័យទាំងអស់មិនត្រូវផ្ដោតលើឯកទេសតែមួយដែល ខ្លួនកំពុងតែរៀននោះទេ ត្រូវសិក្សាបន្ថែមនូវភាសាបរទេស វគ្គខ្លីៗ និងជំនាញកុំព្យូទ័រផងដែរ ដើម្បីជួយឲ្យការសិក្សាកាន់តែទទួលបាននូវប្រសិទ្ធភាព…”៕
ប្រភព http://cambodia.mx