រឿង ពាក្យ​សុភា​សិត​​តម្លៃ ៣០ តម្លឹង

    Author: Unknown Genre: »
    Rating

    កាលពីព្រេងនាយមានជនពីរនាក់ប្តីប្រពន្ធ បុរសជាប្តីបានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់យកប្រាក់ ៣០ តម្លឹងលាប្រពន្ធដើរទៅរៀន ដើរពីស្រុកមួយដល់ខេត្តមួយ ឮគេថាត្រង់ណាមានអ្នកចេះរបៀបអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជូបគ្រូណាពូកែគេសូត្រឲ្យស្តាប់ គេធ្វើឲ្យមើលដូចម្តេចៗក៏ចេះតែមិនចូលចិត្ត លុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់ ។
    • តាចាស់សួរថា “អ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វី?” ។
    • បុរសនោះឆ្លើយថា “ឱ! តាអើយ! ខ្ញុំមកនេះដ្បិតឮគេថា នៅទីនេះមានគ្រូចេះរបៀនពូកែ បានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹងប្រដៅចៅផង” ។
    • តាចាស់ឆ្លើយថា “តាមានរបៀនបីបទតំលៃ ៣០ តម្លឹង បើអ្នកឯងកាន់ជាប់ អ្នកឯងមិនច្បុតទេ គង់បានដូចចិត្តបើមានកិច្ចដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់” ។
    • បុរសនោះថា “តាសូត្រឲ្យខ្ញុំស្តាប់មើល! បើចូលចិត្តខ្ញុំយក” ។
    • តានោះសូត្រឲ្យស្តាប់ថា “រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី” ។ បុរសនោះស្តាប់បានចូលចិត្តក៏ប្រគល់ប្រាក់ ៣០ តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះចាំស្ទាត់រត់មាត់ ។
    • ឯតាចាស់ប្រាប់ថា “បើចៅកាន់របៀនទាំងបីម៉ាត់នេះ តាឲ្យទទេមិនយកតម្លៃទេ” ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។ បុរសនោះលាតាចាស់នោះវិលមកស្រុកវិញ ។ មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះចប់តែផ្លូវមកពុំមានភ្លេច ។ លុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយ បុរសនោះក៏សួរសុំដោយសារសំពៅមកស្រុក ដង្ខៅសំពៅក៏ឲ្យដោយសារ បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញពាក្យរបៀនបីបទនោះ ហើយចេះតែជួយលាងជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។
    • នាយសំពៅនឹកក្នុងចិត្តថា “អ្នកនេះតាំងតែពីចុះមកដោយសារសំពៅអញកាលណា គាត់ចេះតែធ្វើការដូចជារបស់គាត់” នឹកហើយក៏ស្រឡាញ់បុរសនោះ ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ ចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតៗ ។
    •  នាយសំពៅនឹកតែក្នុងចិត្តថា “បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនោះរកស៊ីតទៅ” ។ លុះបើកសំពៅមកដល់កណ្តាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្តាប់ពោរពាសសុទ្ធតែចំណីស្រា បាយទុកឲ្យយក្សវាស៊ី ។
    ឯអ្នកសំពៅកាលដល់វិហារនោះ ក៏ចតសំពៅឡើងលេង ឃើញចំណីទាំងនោះ ពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹង ដេកនៅក្នុងវិហារនោះទាំងអស់គ្នា ខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទេញថា “រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ី” ដោយគិតថា “ចំណីទាំងអស់នេះមានស៊ីគង់តែមានភ័យពុំខាន” គិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់លបមើល ។
    លុះដល់ថ្ងៃត្រង់ យក្សមកដល់ហើយវាខឹងណាស់ថា “នរណាក៏ហ៊ានមកស៊ីចំណីអស់នេះ គេរៀបទុកឲ្យអញស៊ីទេ ឥឡូវវាស៊ីអស់ហើយវាដេកនៅទីនោះ” ។ យក្សថាហើយក៏បោះដំបងទៅវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅ ។ ឯដំបងក៏វិលមកខាង យក្សវិញ ហើយយក្សក៏កាច់កមនុស្សទាំងអស់នោះស៊ីទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា “បើអញស្រែកក្រែងយក្ខវាឮវាឃើញអញហើយវានឹងស៊ីអញទៀត” ។ គិតហើយក៏លោតពីលើធ្នឹមស្រែកវ៉ាសឡើង ។ យក្សភ័យណាស់ក៏រត់ចោលដំបងទៅបាត់ទៅ។ បុរសនោះបានដំបងវាយឯងហើយ ក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯង ។
    លុះដើរមកដល់ផ្ទះក្នុងវេលាយប់ បុរសនោះយកដំបងទៅលាក់ក្រោមជណ្តើរយក ថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ ។
    • ប្រពន្ធសួរប្រាប់ប្រពន្ធថា “ចាំព្រឹកសឹមនិយាយប្រាប់” ។ ក្រោយពេលប្តីទៅ ប្រពន្ធនៅផ្ទះវាមានសាហាយ វេលាយប់ដែលប្តីមកដល់ផ្ទះ សាហាយនោះវាមកស្តាប់នៅក្រោមផ្ទះ វាចង់ដឹងរឿងឆាប់ឲ្យមេស្រីសហាយវាសួរថា “ដំណើរដូចម្តេចក៏ចាំព្រឹកបាននិយាយ?” ។
    • ប្រពន្ធចេះតែអោបអង្អែលៗទ្រាំពុំបានប្តីក៏និយាយប្រាប់ថា “អញនិយាយនឹងឯងនេះខុសគ្រូហើយ ដ្បិតគ្រូផ្តាំថា :ដេកយប់កុំនិយាយនឹងស្រី ឥឡូវនេះអញនិយាយខុសបណ្តាំគ្រូហើយ” ។
    • ប្រពន្ធសួរថា “អ្នកទៅបានរបស់អ្វីមកខ្លះ?” ។ ប្តីថា “បានតែរបៀនបីបទ ហើយត្រឡប់មកវិញ ដល់ពាក់កណ្តាលផ្លូវបានដំបងវាយឯង” ។ ប្រពន្ធសួរថា “ដំបងនោះទុកនៅឯណាឥឡូវនេះ?ខ្ញុំចង់ឃើញ” ។ ប្តីថា “អញទុកក្រោមជណ្តើរយកថ្មគ្រប” ថាហើយក៏ដេកលក់ទៅ ។ សាហាយលបស្តាប់ឮហើយ ក៏ទៅក្រោមជណ្តើររើសយកដំបងនោះទៅបាត់ទៅ ។ (វគ្គបន្ត)
    ប្រភព http://khknow.com/khmer-author/proverb/

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា