រឿង​ចចក

    Author: Unknown Genre: »
    Rating

    កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយ រីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រីកំពឹសបង្កងក្តាមជា ច្រើន ។

    ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា«ថ្ងៃនេះអញមានលាភធំណាស់ ជាលាភធំណាស់ ជាលាភចំឡែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថា ដូច្នេះហើយក៏និយាយលួងលោមចចកថា«យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់
    ហើយ ប៉ុន្តែប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ទេ»ចចកឆ្លើយថា«ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសារ?» ។
    កំពឹសឆ្លើយថា«ត្រូវបងចចកឯងយកយើងទៅលាងទឹកអោយជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់
    ពិសារ»។
    ចចកឆ្លើយថា«ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?»។
    កំពឹសថា«បងចចកឯងកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ» ។
    ចចកឆ្លើយថា«បងឯងធ្វើដូច្នេះក៏ខ្ញុំតាមទាំងអស់ ។ បើដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯងៗនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លា
    ច្រើន បងឯងលាងយើងអោយស្អាត ហើយសឹមបងឯងស៊ី អោយឆ្ងាញ់ពិសារ តាមចិត្តចុះ» ។
    ឯចចកជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស ។ កំពឹស និង ត្រីបបួលគ្នាតោងរោមចចកទៅលុះទៅ ដល់បឹងមួយធំវែង មានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹក អស់ត្រី និង កំពឹសលោតទៅក្នុងបឹងប្រាប់ថា«បងចចកឯងទៅជញ្ជូនមកអោយអស់សិនសឹមមកស៊ី ឲ្យឆ្អែតតែម្តងយើងនៅចាំបងនៅទីនេះ» ។
    ចចកក៏ទៅជញ្ជូនត្រី និង កំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ ។ ពួកត្រីកំពឹស ក្តាម ខ្យងដឹងថាចចកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកបាត់អស់ ។ ឯចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីមាសខ្លាគ្រប់
    ភាសាសត្វទាំងពស់ថ្លាន ពស់ធំ ពស់តូច ទាំងសេសសល់ដល់តិច បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹង បានចាប់ត្រីបឹងនោះស៊ីឲ្យអស់ បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹក អស់សត្វឯទៀតក៏បបួលគ្នាបាច ។
    សត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងបឹង ភ័យណាស់ក៏គិតគ្នាថា«យើងធ្វើម្តេចនឹងបានឲ្យអស់សត្វទាំងនោះលែងបាច់ទឹក?» ។
    កាលនោះត្រីក្រាញ់ឆ្លើយថា«ខ្ញុំឮគេនិយាយបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្ស
    សត្វផងជាច្រើនណាស់ បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង» ។ ពួកត្រីគិតគ្នា ហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ ។
    ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថា«បងទន្សាយអាណិតខ្ញុំ ដ្បិត ត្រីទាំងអស់ក្នុងបឹង គេប្រើខ្ញុំ មកអញ្ជើញបងសុភាទៅ ដ្បិតឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះ កាត់សេចក្តី ដោះទុក្ខគេ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរី ក្របីគោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺ កុក គ្រៀល ចង្ក្រៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹកស្មោញទាំង ប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹង ឲ្យរីងនឹងបានចាប់អស់ត្រីអណ្តើក កន្ធាយ ស៊ីជា ចំណីឲ្យអស់ពីក្នុងបឹងនេះ គេឲ្យ ពស់ថ្លាន ពស់ធំតូច ធ្វើជាទំនប់ ទប់បឹងនេះឯង បើដូច្នេះ បងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំ ឲ្យបានរួចពីភ័យម្តងនេះនឹងបានល្បីកេរ្តិ៍ ឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិត» ។
     ឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា «បងត្រីក្រាញ់ ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យភិតភ័យចាំឲ្យជួយ ដោះឲ្យរួចកុំបារម្ភឡើយ» ។ ត្រីកំពុងតែបាចទឹក ក៏យកស្លឹកឈើដែលស៊ីធ្លុះមកធ្វើជាសំបុត្រ ហើយស្រែកហៅសត្វ អស់សត្វទាំងនោះថា«នែ!បងប្អូនទាំងអស់គ្នាចាំស្តាប់ខ្ញុំ ដ្បិតព្រះឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះ ឥន្ទ្រលោកនឹងមកកាច់ជើងត្រុំ ប្រមុំជើងអក កាច់ក្បាលចចកដកភ្លុកដំរីស» ។ អស់សត្វឮថាសំបុត្រ ព្រះឥន្ទ្រ ដូច្នោះភ័យណាស់ ផ្អើលបោលជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ ថ្លាន់ ជាទំនប់ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់ ។ សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ។
      តាំងអំពី ថ្ងៃនោះមក អស់សត្វទាំងពួងកោតខ្លាចសុភាទន្សាយ សុភាទន្សាយជាគ្រូបាចារ្យទាំងអស់គ្នា ។
    អណ្តាតជាអាទិកន្លង ស្លាប់ផងរស់ផងពីព្រោះអណ្តាត
    ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគ១ លេខ២

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា