រឿង ដង្កូវ និងក្អែក

    Author: Unknown Genre: »
    Rating

    មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកហើររកចំណីវា ទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា “ពេលនេះមានលាភបានស៊ីដង្កូវ” ក៏ហើរទៅទំជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកឃើញថា “ខ្លួនអាក្អែកនេះចិត្ដឃោរឃៅនឹងចឹកស៊ីអញឥឡូវហើយ” ។ ដង្កូវសួរក្អែកថា “មករកអ្វី?” ។
    ក្អែកប្រាប់ដង្កូវវិញថា “អញមកស៊ីដង្កូវឯង” ។ ដង្កូវថា “លុះត្រាតែក្អែកឯងរកប្រស្នាអញឃើញ ទើបស៊ីអញបាន បើរកប្រស្នាអញមិនឃើញទេ ស៊ីអញមិនបានទេ” ។ ក្អែកសួរថា “ប្រស្នាដង្កូវឯងយ៉ាងដូចម្តេច សួរមកចុះអញនឹងរកឲ្យឃើញ” ។ ដង្កូវសួរទៅក្អែកដូចមានតទៅនេះ ៖
    ១- ដូចម្តេចដែលហៅថា ផ្អែមជាងគេបំផុត ?
    ២- ដូចម្តេចដែលហៅថា ជូរចត់ជាងគេបំផុត ?
    ៣- ដូចម្តេចដែលហៅថា ស្អុយជាងគេបំផុត ?
    ៤- ដូចម្តេចដែលហៅថា ក្រអូបជាងគេបំផុត ?
    កាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំងបួនបទនេះហើយ មានសេចក្តីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោរកញ្ជ្រៀវលេងដោយគិតថា “ប្រស្នាដង្កូវទាំងបួនបទនេះ អញមុខជារកឃើញឥឡូវហើយ និងបានស៊ីដង្កូវឥឡូវនេះមិនខាន” ទើបក្អែកឆ្លើយដោះប្រស្នាដូចមានតទៅនេះ ៖
    ១- ដែលគេហៅថា “ផ្អែមនោះគឺមានស្ករ និងទឹកឃ្មុំ ផ្អែមជាងផ្អែមទាំងពួង” ។
    ២- ដែលគេហៅថា “ជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ អម្ពិល ម្ជូរសណ្តាន់ ម្ជូរក្រសាំង និងទឹកខ្មេះ” ។
    ៣- ដែលគេហៅថា “ស្អុយជាងគេនោះ គឺអាចម៍ និងកម្រង់ខ្មោចសត្វទាំងពួង” ។
    ៤- ដែលគេហៅថា “ក្រអូបជាងគេនោះ គឺផ្ការំដួល ម្លិះ និងទឹកអប់” ។
    ក្អែកបានដោះប្រស្នាទាំងបួនបទនេះប្រាប់ទៅដង្កូវ ។ ដង្កូវថា “ក្អែកដោះប្រស្នានេះមិនត្រូវទេ” ។ ក្អែកក៏ដាក់មុខស្រងូតនិយាយទៅដង្កូវវិញថា “បើដង្កូវឯងថាខុស សុំឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង” ។ ដង្កូវប្រាប់ទៅក្អែកវិញថា “ប្រាប់បានតែក្អែកឯងកុំស៊ីអញ ទើបអញប្រាប់” ។ ក្អែកថា “ឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេ” ។ លុះបានចុះខសន្យាព្រមព្រៀងគ្នាយ៉ាងនេះហើយ ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះ ៖
    ១- ដែលគេហៅថា ផ្អែមនោះ គឺមិនមែនផ្អែមស្ករ ទឹកឃ្ញុំនោះទេ គឺផ្អែមពាក្យសំដីដែលនិយាយទៅមករកគ្នា ដោយពាក្យពីរោះស្មោះត្រង់រកគ្នា នេះហើយហៅថា “ផ្អែមជាទីបំផុត” ។
    ២- ដែលគេហៅថា ជូរចត់នោះ មិនមែនជូរចត់អម្ពិលសណ្តាន់ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺដែលនិយាយកាន់គ្នាទៅវិញទៅមកនូវពាក្យផរុសវាទ ឃោរឃៅឥតគួរសម នេះហើយហៅថា “ជូរចត់លើសេចក្តីជូរចត់ទាំងពួង” ។
    ៣- ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ស្អុយគម្រង់នោះទេ គឺស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោក នេះហើយហៅថា “ស្អុយច្រាសខ្យល់” ។
    ៤- ១- ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបផ្កា ឬទឹកអប់នោះទេ គឺក្រអូបកេរ្តិ៍ឈ្មោះដែលប្រតិបត្តិល្អ នេះហើយហៅថា “ក្រអូបជាងក្រអូបទាំងពួង” ។
    ក្អែកបានស្តាប់ប្រស្នានេះហើយ ឈប់ស៊ីដង្កូវទៅ ៕
    តូចមែនពិត ដូចពេជ្រពណ្ណរាយ
    ដកស្រង់ចេញពីប្រជុំព្រេងខ្មែរភាគ១លេខ២៣

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា