ចេះ​ទប់​កំហឹង​ពី​ពេល​នេះ​ទៅ!

    Author: Unknown Genre: »
    Rating

    ចេះ​ទប់​កំហឹង​ពី​ពេល​នេះ​ទៅ!

    កំហឹង ​គឺ​ជា​ការ​ឆ្លើយ​តប​ធម្មតា​ចំពោះ​ស្ថានភាព​ដ៏​តឹងតែង​មួយ តែ​ទាស់​ត្រង់​ថា​មាន​អ្នក​ខ្លះ​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មាន​មនុស្ស​៣២% មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​នៅ​ពេល​មាន​កំហឹង​។ កំហឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ច្របូកច្របល់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្នែក​រាងកាយ​ទៀត​ផង ដូចជា ប៉ះពាល់​ដល់​ជំងឺ​គាំង​បេះដូង​ ឆាប់ចាស់​ ឬ​អាច​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​។ ដើម្បី​ជៀសវាង​និង​គ្រប់គ្រង​កំហឹង​អ្នក​ត្រូវ​ឈ្វេងយល់​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

    ១. ស្គាល់​ពី​សញ្ញា​នៃ​កំហឹង
    ត្រូវ​ស្គាល់​ច្បាស់​ពី​សញ្ញា​នៃ​កំហឹង​ដើម្បី​ទប់ស្កាត់​នូវ​ការ​ផ្ទុះ​ កំហឹង​ទាន់​ពេល។ សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ចាប់​ផ្ដើម​មាន​កំហឹង​ដូចជា ចង្វាក់​បេះដូង​លោត​ញាប់​ជាង​មុន ខាំ​ថ្គាម និយាយ​ញ័រ​មាត់ បែក​ញើស​និង​វិល​មុខ​ជា​ដើម។ ដូច្នេះ​នៅ​ពេល​ដែល​ដឹង​ថា ខ្លួន​កំពុង​មាន​សញ្ញា​ខឹង​ហើយ ត្រូវ​គ្រប់គ្រង​វា​ភ្លាម​ ។

    ២. គេច​ពី​ស្ថានភាព​តានតឹង
    នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​មួម៉ៅ ហើយ​ដឹង​ថា​ខ្លួន​ចាប់​ផ្ដើម​មាន​កំហឹង​ហើយ ត្រូវ​គេច​ចេញ​ពី​កន្លែង​នោះ​ភ្លាម ទៅ​រក​កន្លែង​ណា​ដែល​ស្ងាត់​មុន​ពេល​កំហឹង​ផ្ទុះ​ឡើង។

    ៣. ដក​ដង្ហើម
    ដើម្បី​បន្ធូរ​នូវ​កំហឹង អ្នក​ត្រូវ​ទៅ​រក​កន្លែង​ស្ងាត់​ ហើយ​ដក​ដង្ហើម​ឲ្យ​វែងៗ និង​និយាយ​ប្រាប់​ខ្លួន​ឯង​ថា”ខឹង​ខុស​ខឹង​ខាត​…..”។ នៅ​ពេល​ធ្វើ​បែប​នេះ​ ជា​លើក​ដំបូង​អាច​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ តែ​អនុវត្ត​ច្រើន​ដង​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់​ បាត់​កំហឹង​ដោយ​មិន​ដឹង​ខ្លួន។

    ចេះ​ទប់​កំហឹង​ពី​ពេល​នេះ​ទៅ!

    ៤. ហេតុ​អ្វី​ទើប​ខឹង?
    នៅ​ពេល​ដែល​មាន​កំហឹង​ ត្រូវ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ត្រូវ​ខឹង? តើ​ខឹង​បាន​ប្រយោជន៍​អ្វី? រវាង​ខឹង​និង​មិន​ខឹង​មួយ​ណា​ល្អ​ជាង? បន្ទាប់​មក​ត្រូវ​ឈ្វេងយល់​ពី​ហេតុ​និង​ផល​នៃ​បញ្ហា។ ពេល​ខ្លះ​កំហឹង​កើត​ឡើង​ដោយ​សារ​ការ​យល់​ច្រឡំ។

    ៥.​ បង្វែរ​កំហឹង
    អ្នក​ជំនាញ​បាន​អះអាង​ថា ការ​បង្វែរ​កំហឹង​ទៅ​ផ្ដោត​រឿង​អ្វី​ផ្សេង ជា​វិធី​ដ៏​អស្ចារ្យ​ ជួយ​ឲ្យ​អារម្មណ៍​បាន​ប្រសើរ​ឡើង​វិញ។ នៅ​ពេល​ដែល​ខឹង​ អ្នក​អាច​ទៅ​ធ្វើ​រឿង​អ្វី​ដែល​ខ្លួន​ចូលចិត្ត ដូច​ជា​លេង​កីឡា ហាត់ប្រាណ ស្ដាប់​ចម្រៀង​ ឬ​ច្រៀង​ចម្រៀង​លេង​ជាដើម។

    ៦. គេង​និង​សម្រាក
    គេង​និង​សម្រាក​ឲ្យ​បាន​ច្រើន​។ ការ​សម្រាក​និង​គេង​បាន​គ្រប់គ្រាន់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ អ្នក​បាន​ចំណាំ​មើល​ទេ​ថា នៅ​ពេល​គេង​មិន​គ្រប់គ្រាន់​ឬ​ធ្វើ​ការ​នឿយហត់​គ្មាន​ពេល​សម្រាក​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មួម៉ៅ​ តប់ប្រមល់​ណាស់​ ដូច្នេះ​នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ឆាប់​ខឹង។
    វិធី​ម្យ៉ាង​ទៀត​ត្រូវ​ឆ្លៀត​ពេល​ទំនេរ​ ធ្វើ​សមាធិ​ឲ្យ​បាន​ញឹកញាប់​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា