តើ យុវវ័យកំពុងមានបញ្ហាភ្លេចភ្លាំងមែនទេ? ការភ្លេចភ្លាំងជាបញ្ហាធម្មតាដែលទាក់ទងទៅនឹងវ័យរបស់មនុស្ស។ ដើម្បីឲ្យប្រសើរនូវការចងចាំ អ្នកចាំបាច់ត្រូវផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃជាមូលដ្ឋាន ដោយបន្ថែមនូវថាមពលនិងហ្វឹកហាត់ខួរក្បាលឲ្យកាន់តែប្រសើរឡើង។ ដើម្បីជាដំណោះស្រាយនៃបញ្ហានេះ អ្នកអាចបញ្ចូលនូវទម្លាប់ប្រចាំថ្ងៃដូចខាងក្រោម៖
១. ហាត់ប្រាណទៀងទាត់
បង្កើតកាលវិភាគហាត់ប្រាណនិងអនុវត្តឲ្យបានទៀងទាត់។ ការហាត់ប្រាណបានជួយបឺតអុកស៊ីហ្សែនបញ្ជូនទៅខួរក្បាលដើម្បីពង្រឹង សមត្ថភាពនិងការពារកោសិកាខួរក្បាល។ ម្យ៉ាងទៀតការហាត់ប្រាណទៀងទាត់ ជួយកាត់បន្ថយជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ដែលជាប្រភេទជំងឺនាំឲ្យបាត់បង់ការចងចាំផងដែរ។
២. ទម្លាប់គេងត្រឹមត្រូវនិងគ្រប់គ្រាន់
បញ្ហាគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្មុគស្មាញ តប់ប្រមល់ គិតមិនចេញ រកនឹកអ្វីក៏មិនឃើញ ។ លើសពីនេះទៀត ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ដូច្នេះត្រូវច្បាស់ថាអ្នកគេងបានគ្រប់គ្រាន់៨ម៉ោងក្នុង១ថ្ងៃ។
៣. គ្រប់គ្រងអារម្មណ៍តានតឹង
បើអ្នកមានអារម្មណ៍តានតឹងក៏មិនអាចរកនឹកគិតអ្វីឃើញដែរ ការចងចាំនឹងថយចុះ។ ដូច្នេះត្រូវរកវិធីសាស្ត្រដើម្បីគ្រប់គ្រងអារម្មណ៍តានតឹងរបស់ខ្លួន តាមរយៈដូចជា ដោយការហាត់ប្រាណ សម្រាកឲ្យបានច្រើន ធ្វើអ្វីដែលខ្លួនចូលចិត្ត ធ្វើសមាធិដកដង្ហើមវែងៗ ។ល។
៤. អាហារជំនួយ
ដើម្បីឲ្យការចងចាំបានប្រសើរឡើង ត្រូវប្រាកដថា អាហារដែលអ្នកញ៉ាំពោរពេញទៅដោយបន្លែ ផ្លែឈើ ជាពិសេសមានជាតិវីតាមីនB12 B6 E Cអាស៊ីដfolic និង Omega-3ជាដើម។ ហើយត្រូវញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់២លីត្រក្នុង១ថ្ងៃ។
ហើយអ្វីដែលមិនត្រូវភ្លេចនោះ គឺជៀសវាងដាច់ខាតការប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង ព្រោះសារធាតុទាំងអស់នេះ នឹងចូលទៅបំផ្លាញប្រព័ន្ធខួរក្បាលយ៉ាងកាចសាហាវ។
៥. ចែករំលែកចំណេះដឹង
នៅពេលដែលអ្នកបានរៀនអ្វីមួយថ្មី ត្រូវព្យាយាមផ្ទេរចំណេះដឹងនោះទៅអ្នកដទៃដើម្បីរំលឹកខួរក្បាល របស់អ្នកឲ្យកាន់តែច្បាស់។
៦. កុំបង្គរបញ្ហា
សិស្ស និស្សិតខ្លះ តែងតែបណ្ដោយឲ្យមេរៀនគរច្រើនឡើង ទើបចាប់ផ្ដើមរៀន។ ទាំងនេះជាដើមចមដែលនាំឲ្យខួរក្បាលមិនអាចទទួលព័ត៌មានច្រើនក្នុង ពេលខ្លីបាន។
៧. ហ្វឹកហាត់ខួរក្បាល
ត្រូវព្យាយាមរកកិច្ចការប្រគល់ឲ្យខួរក្បាល កុំឲ្យទំនេរយូរពេក។ នៅពេលទំនេរអ្នកអាចធ្វើអ្វីផ្សេងៗដោយប្រើខួរក្បាល ដូចជា លេងល្បែងប្រាជ្ញា ឆ្លើយសំនួរ ឬធ្វើលំហាត់ជាដើម។
៨. អាហារពេលព្រឹក
ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារពេលព្រឹកបានជួយប្រតិបត្តិការខួរក្បាលកាន់តែប្រសើរ ឡើង។ ដូច្នេះសូមកុំមើលរំលងនូវគុណសម្បត្តិនេះឲ្យសោះ។
៩. កត់ចំណាំ
នៅពេលដឹងខ្លួនថាខ្សោយការចងចាំ ត្រូវចេះកត់ត្រារាល់ចំណុចសំខាន់។ វាមិនត្រឹមតែជួយដោះស្រាយបញ្ហានោះទេ តែជួយឲ្យការចងចាំរបស់អ្នកបានប្រសើរទៀតផង។
១០. រៀនអ្វីដែលថ្មី
ព្យាយាមរៀនអ្វីដែលថ្មីតាមរយៈការអាន មើលនិងស្ដាប់ ។ ម្យ៉ាងទៀតត្រូវហ៊ានតទល់រាល់បញ្ហាប្រឈម។
១១. ជាតិស្ករ
ស្ករពិតជាបានបង្កើនថាមពលដល់អ្នកក្នុងរយៈពេលខ្លីពិតមែន តែវាមិនល្អចំពោះសមត្ថភាពចងចាំរបស់អ្នកនោះទេ។ ដូច្នេះត្រូវកាត់បន្ថយតាមដែលអាចធ្វើទៅបាន។
ប្រភព http://cambodia.mx