កំហឹង គឺជាការឆ្លើយតបធម្មតាចំពោះស្ថានភាពដ៏តឹងតែងមួយ តែទាស់ត្រង់ថាមានអ្នកខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន។ យោងតាមការស្រាវជ្រាវបានបង្ហាញថា មានមនុស្ស៣២% មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅពេលមានកំហឹង។ កំហឹងមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ច្របូកច្របល់ប៉ុណ្ណោះទេ វាថែមទាំងបណ្ដាលឲ្យមានបញ្ហាផ្នែករាងកាយទៀតផង ដូចជា ប៉ះពាល់ដល់ជំងឺគាំងបេះដូង ឆាប់ចាស់ ឬអាចឈានដល់ប្រើអំពើហិង្សា។ ដើម្បីជៀសវាងនិងគ្រប់គ្រងកំហឹងអ្នកត្រូវឈ្វេងយល់កត្តាមួយចំនួន ដូចខាងក្រោម៖
១. ស្គាល់ពីសញ្ញានៃកំហឹង
ត្រូវស្គាល់ច្បាស់ពីសញ្ញានៃកំហឹងដើម្បីទប់ស្កាត់នូវការផ្ទុះ កំហឹងទាន់ពេល។ សញ្ញាដែលបញ្ជាក់ថាអ្នកចាប់ផ្ដើមមានកំហឹងដូចជា ចង្វាក់បេះដូងលោតញាប់ជាងមុន ខាំថ្គាម និយាយញ័រមាត់ បែកញើសនិងវិលមុខជាដើម។ ដូច្នេះនៅពេលដែលដឹងថា ខ្លួនកំពុងមានសញ្ញាខឹងហើយ ត្រូវគ្រប់គ្រងវាភ្លាម ។
២. គេចពីស្ថានភាពតានតឹង
នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពគួរឲ្យមួម៉ៅ ហើយដឹងថាខ្លួនចាប់ផ្ដើមមានកំហឹងហើយ ត្រូវគេចចេញពីកន្លែងនោះភ្លាម ទៅរកកន្លែងណាដែលស្ងាត់មុនពេលកំហឹងផ្ទុះឡើង។
៣. ដកដង្ហើម
ដើម្បីបន្ធូរនូវកំហឹង អ្នកត្រូវទៅរកកន្លែងស្ងាត់ ហើយដកដង្ហើមឲ្យវែងៗ និងនិយាយប្រាប់ខ្លួនឯងថា”ខឹងខុសខឹងខាត…..”។ នៅពេលធ្វើបែបនេះ ជាលើកដំបូងអាចនឹងគ្មានប្រសិទ្ធភាពទេ តែអនុវត្តច្រើនដងទៅនឹងក្លាយជាទម្លាប់ បាត់កំហឹងដោយមិនដឹងខ្លួន។
៤. ហេតុអ្វីទើបខឹង?
នៅពេលដែលមានកំហឹង ត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាត្រូវខឹង? តើខឹងបានប្រយោជន៍អ្វី? រវាងខឹងនិងមិនខឹងមួយណាល្អជាង? បន្ទាប់មកត្រូវឈ្វេងយល់ពីហេតុនិងផលនៃបញ្ហា។ ពេលខ្លះកំហឹងកើតឡើងដោយសារការយល់ច្រឡំ។
៥. បង្វែរកំហឹង
អ្នកជំនាញបានអះអាងថា ការបង្វែរកំហឹងទៅផ្ដោតរឿងអ្វីផ្សេង ជាវិធីដ៏អស្ចារ្យ ជួយឲ្យអារម្មណ៍បានប្រសើរឡើងវិញ។ នៅពេលដែលខឹង អ្នកអាចទៅធ្វើរឿងអ្វីដែលខ្លួនចូលចិត្ត ដូចជាលេងកីឡា ហាត់ប្រាណ ស្ដាប់ចម្រៀង ឬច្រៀងចម្រៀងលេងជាដើម។
៦. គេងនិងសម្រាក
គេងនិងសម្រាកឲ្យបានច្រើន។ ការសម្រាកនិងគេងបានគ្រប់គ្រាន់អាចជួយឲ្យយើងមានអារម្មណ៍ល្អ។ អ្នកបានចំណាំមើលទេថា នៅពេលគេងមិនគ្រប់គ្រាន់ឬធ្វើការនឿយហត់គ្មានពេលសម្រាក ធ្វើឲ្យយើងមានអារម្មណ៍មួម៉ៅ តប់ប្រមល់ណាស់ ដូច្នេះនេះជាកត្តាដែលនាំឲ្យឆាប់ខឹង។
វិធីម្យ៉ាងទៀតត្រូវឆ្លៀតពេលទំនេរ ធ្វើសមាធិឲ្យបានញឹកញាប់តាមដែរអាចធ្វើទៅបាន។
ប្រភព http://cambodia.mx