បុគ្គលម្នាក់ៗមានសេចក្ដីត្រូវការមិនដូចគ្នាទេ
វាអាស្រ័យទៅលើស្ថានភាពរៀងៗខ្លួន។
ការដឹងច្បាស់ពីតម្រូវការរបស់អ្នកដទៃ វាជារឿងសំខាន់ណាស់
ជាពិសេសចំពោះអ្នកដឹកនាំ។
បើអ្នកដឹកនាំយល់ដឹងពីតម្រូវការរបស់មនុស្សច្បាស់
អាចជួយឲ្យអ្នកដឹកនាំធ្វើ ការលើកទឹកចិត្តបុគ្គលិក
មានប្រសិទ្ធផលនិងប្រសិទ្ធភាព។ ដោយយោងទៅតាមទ្រឹស្ដីរបស់លោកម៉ាស្លូ
សេចក្ដីត្រូវការរបស់មនុស្សមាន ៥ ឋានានុក្រម គឺ
១. សេចក្ដីត្រូវការផ្នែកសរីរាង្គ
សេចក្ដីត្រូវការផ្នែកសរីរាង្គចង់និយាយអំពីសេចក្ដីត្រូវការជា មូលដ្ឋាននៃរាងកាយរបស់មនុស្ស ដែលសំដៅទៅលើ ការហូបចុក ជម្រក ការសម្រាកនិងសម្ភារៈប្រើប្រាស់ចាំបាច់។ល។ នៅពេលដែលបុគ្គលិកត្រូវបានដោយតម្រូវការទាំងនេះហើយ ទើបគាត់មានអារម្មណ៍ធ្វើការងារ។
២. សេចក្ដីត្រូវការផ្នែកសុវត្ថិភាព
បន្ទាប់ពីបានទទួលនូវសេចក្ដីត្រូវការទី១ ហើយ មនុស្សនឹងត្រូវការផ្នែកសុវត្ថិភាពថែមទៀត។ សេចក្ដីត្រូវការនេះចង់សំដៅទៅលើ ការរួចផុតពីគ្រោះថ្នាក់នានា ហើយមានក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ ក្នុងនោះ សុវត្ថិភាពផ្លូវកាយ សំដៅការរស់នៅ ឬកន្លែងធ្វើការប្រកបដោយផាសុកភាព ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ចំណែកឯសុវត្ថិភាពផ្លូវចិត្តវិញ ចង់សំដៅលើការរួចផុតពីការឈ្នានីស និងការស្ដីបន្ទោស ជាដើម។
៣. សេចក្ដីត្រូវការផ្នែកសង្គម
នៅពេលដែលសេចក្ដីត្រូវការ ផ្នែកសរីរាង្គនិងសុវត្ថិភាព ត្រូវបានបំពេញហើយ មនុស្សនឹងត្រូវការផ្នែកសង្គម។ សេចក្ដីត្រូវការទី៣ នេះ ចង់សំដៅលើការមានទំនាក់ទំនងល្អ ការយល់ចិត្ត ការជឿជាក់និង ការស្រលាញ់រាប់អានពីអ្នកដទៃទៀត។ អ្នកដឹកនាំត្រូវតែរៀបចំនូវកម្មវិធីជួបជុំគ្នា រវាងបុគ្គលិកនិងបុគ្គលិក ដើម្បីបង្កើតនូវការប្រាស្រ័យទាក់ទងល្អ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារជាក្រុម។
៤. សេចក្ដីត្រូវការនៃការគោរព
មនុស្សនឹងត្រូវការ ការគោរពទៀត បន្ទាប់ពីសេចក្ដីត្រូវការទាំង៣ខាងលើត្រូវបានបំពេញ។ សេចក្ដីត្រូវការនៃការគោរព ចង់មានន័យថា មនុស្សចង់បាននូវការទទួលស្គាល់ ការផ្ដល់តម្លៃចំពោះអ្វីដែលខ្លួនបានធ្វើ។ អ្នកដឹកនាំត្រូវតែមានការលើកទឹកចិត្ត នូវលទ្ធផលការងាររបស់បុគ្គលិក ព្រមទាំងទទួលស្គាល់គុណភាពការងារ ដោយការដំឡើងឋានៈតួនាទី។ល។
៥. ការពេញចិត្តខ្លួនឯង
នេះជាសេចក្ដីត្រូវការចុងក្រោយរបស់មនុស្ស។ សេចក្ដីត្រូវការនេះ រាប់បញ្ចូលទាំងសេចក្ដីត្រូវការនានា ដើម្បីបំពេញចិត្តខ្លួនឯងឲ្យមានមោទនភាព និងពង្រីកនូវមហិច្ឆតារបស់ខ្លួន។ អ្នកដឹកនាំត្រូវជួយបំពេញចិត្តបុគ្គលិកតាមរយៈ ការទទួលស្គាល់ស្នាដៃ ការផ្ដល់តម្លៃនិងផ្ដល់ឱកាសសម្រាប់ការរីកចម្រើន អាចជាការរៀនសូត្របន្ថែមជាដើម។
ប្រភព http://cambodia.mx