ការ កំណត់នូវគម្រោងជាកត្តាសំខាន់បំផុតដើម្បីនាំទៅរកភាពជោគជ័យនៅ ក្នុងការសិក្សា។ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ អ្នកត្រូវបង្កើតគម្រោងឲ្យដូចជាលទ្ធផល មានផែនការសកម្មភាពច្បាស់លាស់និងអាចវាស់វែងបាន។ គម្រោងកាន់តែច្បាស់លាស់ ឱកាសនៃភាពជោគជ័យក៏កាន់តែខ្ពស់ដែរ។
ដើម្បី ឲ្យការសិក្សាទទួលបានជោគជ័យ គម្រោងផែនការត្រូវចែកជាចំណែកតូចៗ អាចជាប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស និងប្រចាំឆ្នាំ។ ការចែកគម្រោងជាចំណែក អាចឲ្យអ្នកដឹងច្បាស់ថា គម្រោងមួយណាមានពេលខ្លី និងវែង ជាពិសេសអ្នកនឹងដឹងច្បាស់ថាផែនការមួយណាត្រូវផ្ដើមមុន ងាយស្រួលក្នុងការបំពេញ។ ត្រូវចាំថាបើអ្នកមិនបានចែកគម្រោងជាផែនការសកម្មភាពតូចៗទេ នោះគម្រោងរបស់អ្នកនឹងមានភាពរញ៉េរញ៉ៃក្នុងពេលអនុវត្ត ចាប់ឆ្វេងរបូតស្ដាំ។
ម្យ៉ាងទៀត ការបង្កើតគម្រោងត្រូវឲ្យស្របទៅនឹងពេលវេលាដែលអ្នកមាន ហើយអ្វីដែលមិនត្រូវភ្លេចនោះ ត្រូវចេះចែកថ្នាក់នូវផែនការសកម្មភាពដែលមានអាទិភាព។ បានន័យថាត្រូវកំណត់តាមលេខរៀងថាអ្វីសំខាន់ជាងគេ ត្រូវធ្វើមុនគេ និងអ្វីត្រូវធ្វើជាបន្តបន្ទាប់។
ការបង្កើត គម្រោងក៏ដូចជាការគូសផែនទីសម្រាប់ដើរអញ្ចឹងដែរ ពេលនោះនឹងដឹងថាផ្លូវណាដែលអ្នកត្រូវដើរ។ តែត្រូវចាំថា ការបង្កើតគម្រោងដាច់ខាតត្រូវស្របទៅនឹងធនធានដែលខ្លួនមាន ទាំងធនធានហិរញ្ញវត្ថុនិងបញ្ញា។ លើសពីនោះទៅទៀត ទោះជាគម្រោងបានបង្កើតហើយក៏ដោយ តែក្នុងកាលៈទេសៈដែលស្ថានភាពបានផ្លាស់ប្ដូរ គម្រោងក៏ត្រូវផ្លាស់ប្ដូរដែរ។
ប្រភព http://cambodia.mx